ធនាគារអេស៊ីលីដា​ ភីអិលស៊ី សាខាថ្មីនៅផ្សារទំនើបអ៊ីអនមានជ័យ(អ៊ីនអន ៣)

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ត្រូវបានពង្រីកសាខាថ្មីជាបន្តបន្ទាប់ ហើយ សម្រាប់​ការពង្រីកសាខាដល់ផ្សារទំនើបអ៊ីអនមានជ័យនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនា​ព្រឹកថ្ងៃទី៦មករាគឺដើម្បីបង្កើនលទ្ធភាពក្នុងការផ្តល់សេវាកម្មឱ្យអតិថិជនដល់ទីកន្លែងដែលកាន់តែរហ័ស និង មានសុវត្ថិភាព។ ទីតាំងនេះ គឺជាសាខាទី២៦៤របស់ធនាគារអេស៊ីលីដា​នៅទូទាំងប្រទេស។

បើតាមអ្នកស្រី កែប ពិសី​​ នាយិកាសាខាធនាគារអេស៊ីលីដា​សាខាផ្សារទំនើបអ៊ីអនមានជ័យ លក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដា​សាខាថ្មីនេះ គឺការផ្តល់សេវាកម្មឱ្យអតិថិជន​បានជា​រៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍​ ឬ ថ្ងៃឈប់សម្រាកបុណ្យទានអ្វី​ក៏ដោយ។

«សម្រាប់អតិថិជន គឺមានភាពងាយស្រួល។ បានន័យថា​ ថ្ងៃបុណ្យ! ថ្ងៃឈប់សម្រាក​ពីការងារ​សាធារណជនអាចមកទទួលសេវាកម្មនៅធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន​»។ អ្នកស្រី ពិសី​ ថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា ចំពោះអ្នកដែលទំនេរពីការងារនាពេលល្ងាចក៏អាចមកទទួលសេវាកម្មនានារបស់ធនាគារអេស៊ី​នៅសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន ផងដែរ។

ជាមួយគ្នានេះ​អ្នកស្រី សុខ​ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា​ បានលើកឡើងថា​ ការពង្រីកសាខាធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យនេះ គឺជាការដើរតាម​អតិថិជន​គោលដៅរបស់ខ្លួនដែលមានការកើនឡើងជាលំដាប់ ខណៈផ្សារទំនើបអ៊ីអន ជាដៃគូយុទ្ធសាស្រ្តរបស់អេស៊ីលីដា។

អ្នកស្រីបាននិយាយយ៉ាងដូច្នេះ៖ « ផ្សារទំនើបអ៊ីអន​ត្រូវបានពង្រីកដល់ទីណា [នោះ] សេវាកម្ម​ធនាគាររបស់យើងក៏ត្រូវតែដល់ទីនោះដែរ​ ដើម្បីតាមបម្រើដៃគូរបស់យើង ក៏ដូចជាបម្រើ​អតិថិជន​របស់ធនាគារយើង»។

ជាយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា​នឹងត្រូវបានពង្រីកទីតាំងឬសាខានៅគ្រប់ទីកន្លែងនិង​តំបន់នានា ដើម្បីបម្រើសេវាកម្មដល់អតិថិជន​របស់ខ្លួនដែលមានដល់ជិត៤លាននាក់នៅ​ទូទាំង​​​ប្រទេសនាពេលបច្ចុប្បន្ន​។ ក្រៅពីការផ្តល់សេវាឱ្យអតិថិជនដោយផ្ទាល់ហើយនោះ  អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) ក៏កំពុងបំពេញតួនាទីក្នុងការផ្តល់សេវាកម្មយ៉ាងល្អ​ រហ័ស និងងាយស្រួលដល់អតិថិជន​ ស្របតាមការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា ផងដែរ។ នេះបើ​អ្នកស្រី សុខ​ សោភា៕

ធនាគារអេស៊ីលីដាត្រូវបានអនុញ្ញាត្តិឱ្យបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រី​រាជការស៊ីវិលប្រភេទថ្មី (Smart Card) អាចប្រើប្រាស់ជាសេវាហិរញ្ញវត្ថុនានាបាន

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារអេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ​មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារអេស៊ីលីដា​ចូលរួមក្នុង​កម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំ​ដោយក្រសួងមុខងារ​សាធារណៈ និងសហការចូលរួមដោយធនាគារដៃគូ ចំនួន ៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។

ព្រឹត្តិការណ៍ថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាព នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោល​នយោបាយ​រដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រី​រាជការ​ស៊ីវិល​ប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាប័ណ្ណ សម្គាល់ខ្លួនផ្លូវការផង និងជាប័ណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់ មុខងារផ្សេងទៀតទៅតាមការ​វិវឌ្ឍនៃ​បច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។

លោក ស្រី សូផន ណារី អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ​ស៊ីវិល​ទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល​អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេសនឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។

លោកស្រីបានបន្ថែមទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និង​សាធារណជន​ ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រ​ការប្រើប្រាស់​​ប្រព័ន្ធបច្ចេកវិទ្យាសេវា​ហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារអេស៊ីលីដាបាននិង​កំពុងពង្រីកបណ្តាញប្រតិបត្តិការ​ចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹម​សរុប​ជាង១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង៤.១៤៦គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់​ជាង២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រីបានថ្លែងថា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS ​(Cambodian Shared Switch​) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់​ទំនិញ-សេវាកម្ម​តាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្ម​ដែលប្រើប្រាស់​ប្រព័ន្ធទូទាត់​ជាមួយធនាគារ​ អេស៊ីលីដា។ ​ម៉្យាងវិញទៀត អាចធ្វើការដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាច​បង្កើតប័ណ្ណនិមិត្ត​តាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីន​អេធីអឹម​នៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានាបាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)យ៉ាង​ងាយ​ស្រួលប្រកបដោយ​សុវត្ថិភាព​ខ្ពស់​បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រីបានបន្ថែមទៀតថា៖« ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យ​ឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក»។

លើសពីនេះទៀតលោកស្រីក៏បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តម ព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងសហការីទាំងអស់ ដែលជានិច្ចកាលតែងតែ​យកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រ​ និងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល៕

 

អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ ទិញភាគហ៊ុនជាង២៣% របស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា​

ភ្នំពេញ៖ បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ​បានប្រកាសជាផ្លូវការអំពីការ កាន់កាប់ភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់​ ត្រាស់ បានមានប្រសាសន៍ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​ គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំង​រយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា​​ អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ​ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន​ មាន​លក្ខណៈស្តង់ដារ និងធំទូលាយ “ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព” មានមោទនភាពយ៉ាងក្រៃលែង ដែល​មានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរ​លើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី “ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់”។​

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន​ បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ​និង​គាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

 

ADB ផ្តល់ជំនួយ៧៣លានដុល្លារដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន​អនុម័ត​កញ្ចប់​ហិរញ្ញប្បទាន ៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។

គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា​ប្រាក់​កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី​របស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF)​ របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ​ផងដែរ។ ។

លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ​វិស័យ​ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប​ដោយ​ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ​មួយចំនួនរបស់រាជរដ្ឋាភិបាល​ រួមមាន​ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល​សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន​ជល​ផល​សមុទ្រប្រកបដោយនិរន្តរភាព។» .

អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការ នេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។

គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា​ដល់​បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់​សមុទ្រ​ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ​ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យ ជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។

គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់៕

 

 

ធនាគារអេស៊ីលីដាទទួលបានសិទ្ធិផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចពី SERC

ភ្នំពេញ៖ធនាគារអេស៊ីលីដា និង និយ័តករមូលបត្រកម្ពុជា(SERC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរសម្រេចផ្តល់សិទ្ធិដល់ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ។

ការសម្រេចនេះត្រូវធ្វើឡើងតា​​មរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងលោក ស៊ូ សុជាតិអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា និងលោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅថ្ងៃទី៧ ខែវិច្ឆិកានេះ។

លោក​ ស៊ូ​ សុជាតិបានមានប្រសាសន៍ថា ថ្វីត្បិតតែវិស័យមូលបត្រនៅកម្ពុជា មានដំណើការអស់រយៈពេលជាងមួយទស្សវត្សក៏ដោយ SERC នៅតែបន្តប្រឹងប្រែង ស្វែងរកកិច្ចសហការអភិវឌ្ឍទីផ្សារឱ្យកាន់តែប្រសើរឡើង ក្នុងការសម្របខ្លួនឱ្យបានតាមបច្ចុប្បន្នភាពទីផ្សារអន្តរជាតិ រាប់បញ្ជូលទាំងការតាក់តែងបទប្បញ្ញត្តិពាក់ព័ន្ធ ការសិក្សាស្រាវជ្រាវផលិតផលមូលបត្រ ការជំរុញការបោះផ្សាយ ការជំរុញការជួញដូរ និងការបង្កើនការយល់ដឹងដល់វិនិយោគិនជាដើម។​

លោកបានថ្លែងថា ៖«ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់យើងមានប្រព័ន្ធទ្រទ្រង់ ឬសរសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ,អន្តរការីទីផ្សារ​និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ»។

«ខ្ញុំសង្ឃឹមថា កាចុះកិច្ចព្រមព្រៀងនេះនឹងផ្តល់នូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពដល់វិនិយោគិនក្នុងការទូទាត់ថ្លៃសេវា ក៏ដូចជាពន្លឿនដល់ការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញផងដែរ»។ នេះបើយោងតាមការថ្លែងរបស់លោកសុជាតិ។

លោកស្រី ម៉ារ អមរា បានមានប្រសាសន៍ថាដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារ​មូលបត្រ​កម្ពុជា ​មាន​កំណើន​គួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ធនាគារ អេស៊ីលីដា និង SERC បាន ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ។

លោកស្រីថា តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។

លោកស្រីបានថ្លែងថា៖«ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យកាន់តែសកម្ម និងរស់រវើក»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៦លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៩០.០០០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២។

 

ពន្ធដារកម្ពុជា-កូរ៉េខាងត្បូងបន្តពង្រឹងកិច្ចសហការដើម្បីសម្រួលដល់ធុរជនរវាងប្រទេសទាំងពីរ

 (ភ្នំពេញ)៖ ពន្ធដារកម្ពុជា និងកូរ៉េខាងត្បួងបានបន្តចុះអនុអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ ជាពិសេសដើម្បីជួយសម្របសម្រួលដល់ធុរជនរវាងប្រទេសទាំងពីរ។

ការចុះ MoU នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆកា​រវាងលោក លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) ​និងលោក លោក KIM CHANGKI អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េនៅទីស្នាក់ការកណ្តាលរបស់ GDT។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT តាមរយៈ MoU នេះនឹងផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជាកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀងត្រួតគ្នា (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT, និងការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។

លោក គង់ វិបុល បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារតែងតែផ្តល់កិច្ចសហការល្អជាមួយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOTRA) តាមរយៈក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនកូរ៉េបាននិងកំពុងជួបប្រទះ។

លោកបានថ្លែងបន្តទៀតថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២។

លោកបានថ្លែងបញ្ជាក់ថា៖«កិច្ចព្រមព្រៀងទ្វេភាគីនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនកូរ៉េចំនួន ១៩ នៅកម្ពុជា បាននិងកំពុងទទួលបានអត្ថប្រយោជន៍ពី DTA។ លើសពីនេះទៀតមានក្រុមហ៊ុនកូរ៉េជាច្រើនទៀត បន្តស្នើសុំអត្ថប្រយោជន៍ពី DTA សរុបមានចំនួន ៣៦សំណើ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២)ផងដែរ»។

លោក KIM CHANGKI បានថ្លែងថាជាមួយនឹងការខិតខំធ្វើទំនើបកម្មរបស់GDT បានធ្វើឱ្យចំណូលពន្ធរបស់ខ្លួនតែងតែសម្រេចបានកំណើនជារៀងរាល់ឆ្នាំ។ លោកថា៖«តាមរយៈការអនុវត្តនូវកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ ដែលលទ្ធផលនៃបេសកកម្មរបស់អគ្គនាយដ្ឋានពន្ធដារកម្ពុជា ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ តែងតែសម្រេចបានលើសផែនការច្បាប់ បានកំណត់ផងដែរ»។

បើ​តាម​លោក វិបុល គិត​ត្រឹម​ដំណាច់ខែ​តុលា ឆ្នាំ ២០២២ នេះ GDT បាន​កៀរគរ​ចំណូល​ពន្ធ​បាន​ជាង ២ ៩០០ លាន​ដុល្លារ​កើនឡើង ២៦ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ដោយ​ការ​ប្រមូល​ពន្ធ​នេះ​សម្រេច​បាន​ជាង ១០៤ ភាគរយ​នៃ​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ឆ្នាំ ២០២២ នេះ​៕

 

ADB សម្រេចផ្តល់កម្ចី៥០ដុល្លារដល់កម្ពុជាដើម្បីជួយ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៦ ខែវិច្ឆិកាបានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ ក្រោមអនុកម្មវិធីទី ១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញ​សមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស ។

កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩​ របស់កម្ពុជាតាមរយៈការជួយដល់កំណែ​ទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាត​តូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោល​ដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។»

កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង​ នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់​ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។

កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕

 

ផ្លែ​មៀន​លើក​ដំបូងរបស់កម្ពុជានឹងនាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នៅ​ខែ​វិច្ឆកា​

​ភ្នំពេញៈ ក្រុមហ៊ុនពេជ្រចិន្តា គ្រោង​នឹង​នាំ​ចេញផ្លែ​​មៀន​ប៉ៃលិន​ស្រស់​ ​​សាក​ល្បងជា​លើក​ដំបូង​ ក្នុង​បរិមាណ​​​ចន្លោះ​​​​ពី ២-៤​កុងតឺន័រ​ទៅ​​ប្រទេស​ចិន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ខណៈ​នៅ​​ពេល​នេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​នីតិ​វិធី​មួយ​ចំនួន​ដើម្បី​នាំចេញ​។​​​

រដ្ឋាភិបាល​ចិន កាល​ពី​ខែ​កញ្ញា​ ឆ្នាំ២០២២ ​បានសម្រេច​​​អនុញ្ញាត​ឱ្យ​កម្ពុជា​​​​​នាំ​ចេញ​ផ្លែ​មៀន​របស់​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​ទីផ្សារ​ចិន​​​។​ បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​សរសេរ​ថា ដំណាំ​មៀន​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅកាន់ប្រទេសចិន ចាប់​ពី​ថ្ងៃ​ទី៧ ខែកញ្ញាដែល​មាន​ន័យ​ថា ​ដំណាំ​មៀន​កម្ពុជា​បាន​បញ្ចប់​នីតិវិធី​ទាំង​ស្រុង(ការ​ត្រួត​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ គុណភាព និង​ភូតគាមអនាម័យCamGAP​) ​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន។

លោក ភក់ សុផាន់បូរី ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ពេជ្រចិន្តា ដែល​ជា​ក្រុមហ៊ុន​សម្អាត កែច្នៃ និង​វេចខ្ចប់​ផលិត​ផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅទីផ្សារ​អន្តរជាតិ​ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​​នេះ​​ក្រុម​ហ៊ុន​​របស់​លោក​កំពុង​ខិតខំ​ពន្លឿន​នីតិ​វិធីនាំ​ចេញ ពិ​សេស​ការ​ដឹក​ជញ្ជូន ដើម្បីនាំចេញ​ផ្លែមៀន​សាកល្បង​ទៅ​​ប្រទេស​ចិន នៅ​ខែ​ក្រោយ ដែល​អាច​នឹង​មាន​ចំនួនចន្លោះ​ពី​ ២-៤​ កុងតឺន័រ ដោយ​ក្នុង​១​កុងតឺន័រ មាន​ទម្ងន់​ប្រហែល ២៣​តោន​ ដូច្នេះ​អាច​ស្មើ​នឹង​ចន្លោះ​ពី​ជិតជិត ៥០​តោន ទៅ​៨០​តោន​។ លោក​បន្ត​ថា ជា​មួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​កំពុងធ្វើ​ការ​​​ជាមួយ​​សហភាព​​​សហគមន៍​មៀន​កម្ពុជា(មាន​សមាជិក​ក្នុង​ខេត្ត​ប៉ៃលិន បាត់​ដំបង និង​បន្ទាយ​មាន​ជ័យ) និងប្រជាកសិករ​ផ្ទាល់​ផង​ដែរ ដោយ​ផ្តល់​តម្លៃ​ចាប់​ពី ៣ ០០០​រៀល​ក្នុង​១​គីឡូ​ក្រាម​ឡើង​ទៅ។​

លោក​បាន​បញ្ជាក់​ថា៖​«​ក្រុមហ៊ុន​ពេជ្រ​ចិន្តា​ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ​ដែល​​​មាន​ម្ចាស់​ និង​បុគ្គលិក​​បម្រើ​ការ​​ជា​ជន​ជាតិ​ខ្មែរ​មុន​​គេ ​ដែល​នាំ​ចេញ​មៀន​ប៉ៃលិនស្រស់​​ទៅ​កាន់​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក ឬ​ពី​ក្រៅ​ប្រទេស​(ចិន និង​ថៃ ជា​ដើម​) បាន​មក​​បើក​អាជីវកម្ម​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ​​​ទៅ​ប្រទេស​ចិន​ដែរ​​។ ការ​នាំ​ចេញនឹង​ធ្វើ​ជា​លើក​ដំបូង​ក្នុង​ខែ​វិច្ឆិកា ព្រោះ​វា​ជា​ពេល​ដែល​មៀនប៉ៃលិន​ផ្តល់​ផល​ច្រើន​​»។​​

លោក​បាន​ប្រាប់​ទៀត​ថា ​សម្រាប់​ការ​នាំ​ចេញ​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ គឺ​ក្រុមហ៊ុន​នៅ​មិន​អាច​កំណត់​​នៅ​ឡើយ​ទេ ព្រោះ​ដំណើរ​ការ​ចង្វាក់​ផលិត​កម្ម​មួយ​ចំនួន​នៅ​មិន​ទាន់​រួច​រាល់ទេ​ ព្រោះ​ត្រូវ​នៅ​រង់​ចាំ​ដក​ពិសោធន៍​ពី​ការ​នាំ​ចេញ​សាកល្បងនៅ​​ខែ​វិច្ឆិកា ជា​មុន​សិន​។​

ទាក់​ទង​នឹង​គុណភាព​ផ្លែមៀនកម្ពុជា លោក សុផាន់បូរី បាន​ប្រាប់​ថា ជា​ទូទៅ​មៀនកម្ពុជា​មាន​គុណភាព​ល្អ​ ខណៈ​​ការ​ដាំដុះ​មៀន គឺ​គេ​ត្រូវ​ការ​បច្ចេក​ទេស​ដាំដុះ​ និង​ការ​ថែទាំ​ច្រើន​ផង​ដែរ​ ដើម្បី​អាច​ទទួល​បាន​ផល​ខ្ពស់ និង​គុណភាព​កម្រិត​ស្តង់ដា។​

លោក​បាន​បញ្ជាក់​ថា៖​«​នៅ​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​សន្យា​ប្រមូល​ទិញ​ជាមួយ​នឹង​ប្រជាកសិករ​​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ​ក្នុងបរិមាណ​ច្រើន​»។​

បើ​តាម​លោក សុផាន់បូរី ការ​ដឹក​ជញ្ជូន​ពី​កម្ពុជា​ទៅ​ចិន​អាច​ចំណាយ​ពេល​ប្រហែល ១០​ថ្ងៃ ហើយ​ប្រសិន​បើ​លើស​ពី​នេះ វា​អាច​នឹង​មាន​ផល​ប៉ះ​ពាល់ខ្លះ​​​សម្រាប់​គុណភាព​របស់​ផ្លែមៀន​។​

យោង​តាម​ស្ថិតិ​របស់​អគ្គ​នាយកដ្ឋាន​​កសិកម្ម ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​មាន​ផលិត​កម្ម​មៀន​ប៉ៃលិន ប្រមាណ​ជាង ១,៨ ​ម៉ឺន​ហិកតា ដោយ​បច្ចុប្បន្ន​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជាង ១៣១ ​ពាន់​តោន​ ក្នុង ​១ ​ឆ្នាំ៕

 

អេស៊ីលីដា ស៊ីឃ្យួរឹធីឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

ភ្នំពេញ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោក-អ្នកជឿទុកចិត្ត និងជាក្រុមហ៊ុន​មូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសអភិវឌ្ឍនិងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​បើកគណនី​ជួញដូរតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ទទួលបានការអនុញ្ញាត​ពីនិយ័តករមូលបត្រកម្ពុជា ។

យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះបានឱ្យដឹងថា​ប្រព័ន្ធបើកគណនី​ជួញដូរ​តាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលមានអាសយដ្ឋាន www.acledasecurities.com.kh សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរ​ដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងសាធារណៈជន ដូចខាងក្រោម៖

-មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-មិនចាំបាច់ចំណាយ​​​ពេល​វេលា​ក្នុង​ការ​ធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្របណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា “ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន និងសាធារណៈជនទូទៅ ។

តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួន​ឯងតាមរយៈទូរស័ព្ទ​ចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន“ ។

គួរបញ្ជាក់ថាអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណ​ពីនិយ័តករ​មូលបត្រ​កម្ពុជា ផ្តល់សេវាឈ្មួញជើងសារមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវា​ភ្នាក់ងារ​ចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជន​ទូទៅ ។

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារ​ធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) កម្ពុជា-កូរ៉េ (CKFTA) ត្រូវបានរដ្ឋសភាកូរ៉េផ្តល់​សច្ចាប័នរួចរាល់ហើយ នៅថ្ងៃនេះ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេ​ភាគី ទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។

យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េនឹងជូនដំណឹងដល់អ៊ីស្រាអែល និងកម្ពុជា អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន»។

គួររម្លឹកថា៖ ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ។

បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ តំណាលគ្នានឹង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕