CBC និង TBCC សហការគ្នាជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ថៃ

ភ្នំពេញ៖សមាគមក្រុម​ប្រឹក្សា​ធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC)  និង​សមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា (TBCC)​​ បានចុះក្នុង​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ភាពជាដៃគូ ដើម្បីសហការគ្នា​លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគជាពិសេសគឺដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតរបស់កម្ពុជា។​​

MoU នេះ​ត្រូវបានចុះ​ហត្ថលេខា​កាល​ពីថ្ងៃទី​៦ខែ​កញ្ញា​ឆ្នាំ​២០២១ រវាង​​លោក សុធា សម្បត្តិ ប្រធាន CBC និង​លោកស្រី Jiranun WONGMOGKOL ប្រធាន TBCC នៅ​ទី​ក្រុង​ភ្នំពេញ​។

លោក សុធា សម្បត្តិ​ បាន​ឲ្យ​ដឹងថា បេសកកម្មស្នូល​របស់ ​CBC នឹងអភិវឌ្ឍ​ទំនាក់ទំនង​រវាងសមាជិកទាំងពីរ និង​សហគមន៍​ធុរកិច្ច​​ថៃ និង​កម្ពុជា​ និងដើម្បី​​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​​ប្រទេសថៃ និង​កម្ពុជា​។​​

លោកថ្លែងថា៖ «ដើម្បីសម្រេច​បាន​ទិសដៅ​នេះ យើង​ផ្ដល់​នូវវេទិកាដ៏ទូលំទូលាយមួយ ដើម្បីលើក​កម្ពស់​អត្ថប្រយោជន៍​សមាជិក ​អ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ រៀបចំសន្និសីទ សិក្ខា​សាលា និងព្រឹត្តិការណ៍នានាដើម្បីភ្ជាប់ទំនាក់ទំនង​រវាងសហគមធុរកិច្ច​ថៃ និងកម្ពុជា​​»។​

លោក​លើកឡើងថា​៖ «​គោលបំណង​នៃ​កិច្ចសហការMOUនេះ គឺដើម្បីផ្ដល់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​​ ក្នុងការត​ភ្ជាប់​ពាណិជ្ជ​កម្ម និងការអភិវឌ្ឍពាណិជ្ជ​កម្មរបស់សមាជិកគ្រប់ភាគី​​»។​

លោកស្រី Jiranun WONGMOGKOL បាន​ឲ្យ​ដឹងថា TBCCត្រូវបាន​បង្កើតឡើង​កាល​ពីឆ្នាំ​១៩៩៩ នៅក្នុងប្រទេស​កម្ពុជា។ លោកស្រីថា ការសហការគ្នាជាមួយ CBC គឺដើម្បី​​លើកកម្ពស់​ពាណិជ្ជ​កម្ម និង​ការវិនិយោគរវាង​ប្រទេសទាំងពីរ ព្រមទាំង​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និងថៃ​។​

លោកស្រី​ថ្លែងថា៖ «MoU​នេះគឺជា​ជំហានដ៏សំខាន់​មួយទៀត សម្រាប់​TBCC ក្នុងការ​ផ្ដល់​ឱកាស​មួយ​ដើម្បីធ្វើការងារ​រួមគ្នា និង​សហប្រតិបត្តិការ​ជាមួយគ្នា ជាពិសេសគឺ​ផ្លាស់ប្តូរ​​ព័ត៌​មាន​ និងសកម្មភាព​ដែល​នឹង​ជួយ​ដល់ភាគីទាំងពីរ​ ដើម្បីសម្រេចបាន​គោលបំណងប្រកបដោយប្រសិទ្ធភាព​»។

លោក​ អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេសថៃអបអរសាទរ​ចំពោះ ក្រុមប្រឹក្សា ធុរកិច្ចទាំងពីរចំពោះកិច្ចសហការនេះ ​។​​

លោក​បានប្រាប់​PlusOne​ពីថ្ងៃទី​​៦ខែ​កញ្ញា​ថា​៖ «​ក្នុងនាមស្ថានទូត យើងខ្ញុំតែងគាំទ្រ​ជានិច្ច​ចំពោះ  ការអភិវឌ្ឍវិស័យឯកជន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុក​ជាក្បាលម៉ាស៊ីននៃ​កំណើន​សេដ្ឋកិច្ច ហើយខ្ញុំយល់ថាពិធីចុះអនុស្សរណៈរវាង CBC និង TBCC ថ្ងៃនេះ គឺព្រឹត្តិការណ៍ដ៏សំខាន់​ដែលនឹងជួយចូលរួមចំណែកដល់ជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទេ្វភាគីកម្ពុជា-ថៃ ឱ្យកាន់តែ​ប្រសើរថែមទៀត»។

លោកបានថ្លែងបន្តទៀតថា ចាប់ពីពេលនេះទៅ CBC និង TBCC នឹងដើរតួជាស្ពានជួយផ្តល់ព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដូចជាតភ្ជាប់ធុរជននៃប្រទេសទាំងពីរស្វែងរកដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវពិតប្រាកដ។

លោកបានថ្លែងបន្តថា៖«កិច្ចសហការនេះ ក៏នឹងបើកផ្លូវដល់សមាគមទាំងពីរ ពង្រឹងកិច្ចសហការ ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ ដើម្បីផ្តល់ឱកាសធុរកិច្ចថ្មីៗជូនវិស័យឯកជន ក្នុងការពង្រីកអាជីវកម្មថែមទៀត ដែលកិច្ចការទាំងអស់នេះគឺដើរស្របទៅនឹងគោលដៅនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣»៕

Leave a Reply

Your email address will not be published. Required fields are marked *