DBD ចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិជាផ្លូវការលើ CSX

ភ្នំពេញៈ ​ក្រុមហ៊ុន DBD Engineering Plc ដែល​ជា​ក្រុមហ៊ុន​ពហុ​បំណង​ផ្នែក​វិស្វកម្ម និង​សំណង​ឈាន​មុខ​នៅកម្ពុជា ត្រូវ​បាន​ចុះបញ្ជី​ជាផ្លូវ​ការ​លក់​មូលបត្រកម្ម​សិទ្ធិលើក​ដំបូង​​នៅ​ក្នុង​ទីផ្សារ​កំណើននៃ​ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​(CSX)កាលពី​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០២១។​

លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន DBD Engineering Plc  បាន​ថ្លែងថា ក្រុមហ៊ុន BDB  បាន​បង្កើត​នូវ​ប្រតិសាស្រ្ត​ថ្មី​ក្នុង​នាមជា​ក្រុមហ៊ុន​ដំបូង​បង្អស់​បាន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្ម​សិទ្ធិ​ទីផ្សារ​កំណើន​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​បត្រកម្ពុជា​។​លោក​ថ្លែងទៀតថា៖ «ខ្ញុំពិតជា​មោទនភាព​ចំពោះ​សមទ្ធិ​ផល​នេះ​ជា​ខ្លាំង​ ដែល​ក្រុមហ៊ុននេះ​បាន​សម្រេច​ជោគជ័យ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​ក្នុង​អំឡុង​ពេល​ដ៏​លំបាកនេះ​។ខ្ញុំសូម​ថ្លែង​អំណគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ចំពោះ​វិនិយោគិន​ទាំងអស់​ដែល​បាន​គាំ​ទ្រ​ ទុកចិត្ត​មក​លើ​ក្រុមហ៊ុន BDB ដែល​ជាហេតុ​នាំ​ឱ្យ​ការ​បោះផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធិរបស់​​ក្រុមហ៊ុន BDB ទទួល​បាន​ជោគជ័យ​ដ៏​ល្អ​ប្រសើរ​ដោយ​មាន​បរិមាណ​ប្រតិបត្តិការ​ភាគ​ហ៊ុន​លើស​ពី​ទំហំ​បោះផ្សាយ»​។

លោក ស៊ូ សុជាតិ អគ្គ​នាយក​និយ័តករ​មូល​បត្រ​កម្ពុជា​ ថ្លែង​ក្នុងកម្ម​វិធីនេះថា ក្រុមហ៊ុន  DBD Engineering ក្រុមហ៊ុនពហុ​មុខងារ​ផ្នែក​វិស្វកម្ម​និងសំណង​ដំបូង​គេ​ដែល​បាន​ធ្វើ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅកម្ពុជា​។លោក​ថ្លែងបន្តថា៖ «កម្មវិធីនេះ​ថ្ងៃ​គឺបង្ហាញ​ពីការ​វិវត្តន៍ថ្មី​របស់​ទីផ្សារ​មូលបត្រកម្ពុជា​ដែល​មាន​ក្រុមហ៊ុន​ចុះបញ្ជីលក់​មូលបត្រកម្ម​សិទ្ធិទី​១​នៅ​ក្នុង​ទីផ្សារ​កំណើន និង​​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ឆន្ទះ​របស់ក្រុមហ៊ុន​វិនិយោគិន​សាធារ​ណៈ​ ហើយ​ក៏បង្ហាញពីទំនុកចិត្ត​ទីផ្សារ​ដែល​បាន​និង​កំពុងកើត​មានឡើង​ដែល​អនុញ្ញាត​ឱ្យ​យើង​ជា​ច្រក​មួយ​សម្រាប់​ធ្វើពិពិធកម្ម​ហិរញ្ញប្បទាន​របស់​ក្រុមហ៊ុន​។ នេះក៏ជា​ឱកាស​វិនិយោគ​សម្រាប់​វិនិយោគិន​សាធារណៈ​របស់​យើង​ផងដែរ​»។

​លោក​បន្តថា មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​យក​ក្រុមហ៊ុន DBD ជាគំរូ​ក្នុងការ​ឈាន​ជើង​ចូល​ទីផ្សារ​មូល​បត្រ​កម្ពុជា​ជាបន្តបន្ទាប់​។​លោក​ថ្លែងបន្តថា៖«​ខ្ញុំ​សូម​ឱ្យ​ក្រុមហ៊ុន ក្រុមហ៊ុន DBD Engineering PlC និង​ក្រុមហ៊ុន SBI Royal Securities បន្តយក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ច្បាប់​និង​បទប្បញ្ញាត​ និង​លក្ឋខណ្ឌ​តម្រូវ​ផ្សេងៗ​បាន​ម៉ឺងម៉ាត់​ក្នងនាមជា​ក្រុមហ៊ុនចុះបញ្ជី ដើម្បី​រក្សាឱ្យបាន​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធភាព​ ពិសេស​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ទៅ​លើ​ក្រុមហ៊ុន​របស់​ខ្លួន​»។​

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន ចុះបញ្ជីចំនួន ១៤ ក្នុងនោះ ក្រុមហ៊ុន ៨ បានចុះបញ្ជីជាភាគហ៊ុននិងក្រុមហ៊ុន ៦ ទៀតបានចុះបញ្ជី ជាសញ្ញាបណ្ណអាជីវកម្ម។ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនទីផ្សារមូលបត្រសរុបជាង ៥៧ លានដុល្លារ។

តាមរយៈនេះយើងឃើញថា« ក្រុមហ៊ុនដែលចុះបញ្ចីមិនត្រឹមតែមានលទ្ធភាពទទួលបាន ប្រភពទុនដែល មិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប ថែមទាំងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ក្នុងការបង្កើន កេរ្តិ៍ឈ្មោះនៅ លើឆាកជាតិ និងអន្តរជាតិ»៕

Leave a Reply

Your email address will not be published. Required fields are marked *