EuroCham ជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័ឌីជីថល

ភ្នំពេញៈបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) និង EuroCham Cambodia កាលពី​ថ្ងៃទី ៨​ខែមិថុនា ឆ្នាំ ២០២២​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ជួយ​គាំទ្រ​ដល់​ការវិវត្ត​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។​

​លោក សេង សុភាព ប្រធាន CADT បាន​ឲ្យ​ដឹងថា នវានុវត្តន៍​ឌីជីថល​គឺជា​ប្រធានបទ​ដែល​ត្រូវ​ឆ្លងកាត់ និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ដូចគ្នា​។ ភាពជា​ដៃគូ​ជាមួយ EuroCham​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល និង​ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង​។ MoU នេះ នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុម​ស្រាវជ្រាវ និង​ក្រុម​អភិវឌ្ឍន៍​របស់​CADT ឱ្យមាន​សេវាកម្ម​ដែល​សមស្រប​ជាង​មុន ហើយ​សំខាន់បំផុត​គឺ​បង្កើត​ឱកាស​ថ្មី​សម្រាប់​ទេពកោសល្យ​ឌីជីថល​វ័យក្មេង​របស់​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​៖«​យើង​មាន​ក្តីរំភើប​ក្នុងការ​នាំយក​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង​ជាមួយ​សមាជិក EuroCham​ដើម្បី​បង្កើន​ការយល់ដឹង និង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដូចជា​ពិព័រណ៍​អាជីព និង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​។ ចំណុច​លេចធ្លោ​មួយ​ដែល​ខ្ញុំ​ពិតជា​រំភើប​នោះ​គឺ ជា​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល ៥០​ម៉ោង​។ សមាជិក EuroCham​នឹង​ចំណាយពេល ៥០​ម៉ោង​ជាមួយ​សិស្ស​របស់​យើង​ក្នុង​ទម្រង់​នៃ​សិក្ខាសាលា ដើម្បី​ភ្ជិត​គម្លាត​ជំនាញ និង​បង្កើន​ការយល់ដឹង​បន្ថែម​»​។​

​​លោក Matthew Tippetts ប្រធាន​គណៈកម្មាធិការ​ឌីជីថល និង​បច្ចេកវិទ្យា​របស់ EuroCham បាន​ថ្លែងថា​៖ MOU នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ភាពជា​ដៃគូ​រួម​រវាង EuroCham​និង CADT​។​

​លោក​បាន​ថ្លែងថា «​សមាជិក​របស់​យើង​អាច​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​ជាមួយ​និស្សិត CADT ខណៈពេលដែល​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​លើ​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល ហាត់​ការ និង​ការជ្រើសរើស​បុគ្គលិក​។ យើង​មាន​កិត្តិយស និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​ឱកាស​នេះ​»​។​

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​ឲ្យ​ដឹងថា MoU​រវាង CADT និង EuroCham​គឺជា​ការបង្ហាញ​ដ៏​ល្អ​មួយ នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​បណ្ឌិត្យសភា និង​អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ​។​

​លោក​លើកឡើងថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​សហគ្រាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ទេពកោសល្យ​ឌីជីថល​តាមរយៈ​កម្មវិធី​សិក្សា​ផ្អែកលើ​ការងារ​ផងដែរ​។ កម្មវិធី​នេះ​នឹង​អាចឱ្យ​និស្សិត​ទទួលបាន​បទពិសោធន៍​ផ្ទាល់ ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ការងារ​ដែល​តម្រូវ​ដោយ​ឧស្សាហកម្ម និង​បង្កើន​លទ្ធភាព​ការងារ​របស់​ពួកគេ​សម្រាប់​ទីផ្សារការងារ​បច្ចុប្បន្ន និង​នៅពេល​អនាគត​»៕