GDT នឹងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ(GDT) នឹង​សហការ​ជាមួយ​បណ្តា​តំណាង​សហគ្រាស​ក្រុម​ហ៊ុន​ចំនួន ៤៩ ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​ប្រភេទ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃទី​៨ ខែកុម្ភៈ បាន​ឱ្យ​ដឹង​ថា ការ​ពង្រឹង ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​នេះ គឺ​ដើរ​ស្រប​នឹង​អនុក្រឹត្យ​លេខ ៦៥ អនក្រ.បក ស្តីពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្គត់ផ្គង់ អនិវាសនជន​នៅ​ក្រៅ​ព្រះ​រាជាណាចក្រ​កម្ពុជា មក​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ ដោយ​ឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​គោលដៅ​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​អ្នក​ជាប់​ពន្ធ​ត្រៀម​ខ្លួន​សម្រាប់​ការ​បំពេញ​កាតព្វកិច្ច​នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​លេខ ៧៧៦ អ​ពដ ចុះ​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០២២ ដោយ​អនុញ្ញាត​ពន្យា​កាល​បរិច្ឆេទ​កំណត់​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​លេខ ៥៤២ សហវ.ប្រក (វិធាន​និង​នីតិវិធី​អនុវត្ត អាករ​លើ​តម្លៃ​បន្ថែម ចំពោះ E-Commerce) រហូត​ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ទុក​ពេល​វេលា​បន្ថែម​ដល់​អ្នក​ជាប់​ពន្ធ​ក្នុង​ការ​ស្វែង​យល់​បន្ថែម និង​ត្រៀម​ខ្លួន​អនុវត្ត​ប្រកាស​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី០១ ខែ​មេសា ឆ្នាំ​២០២២ តទៅ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​សហគ្រាស ក្រុមហ៊ុន​ចំនួន ៤៩ កាលពី​ថ្ងៃទី៧ ខែ​កម្ភៈ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អាជីវកម្ម​តាម​អន​ឡាញ​ វិស័យ​អន​ឡាញ និង​អ៊ិន​ធឺ​ណេ​ត​មាន​សន្ទុះ យ៉ាង​ខ្លាំង និង​កើន​ឡើង​យ៉ាង​គគ្រឹក​គគ្រេង ខណៈ​សហគ្រាស​មួយ​ចំនួន​បាន​ចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វ​កិច្ច​សារពើ​ពន្ធ ក៏​ប៉ុន្តែ​ក៏​មាន​សហគ្រាស​មួយ​ចំនួន​ធំ​ពុំទាន់​បាន​ចុះបញ្ជី និង​យល់​ដឹង​អំពី​កាតព្វកិច្ច​សារពើ​ពន្ធ​នៅ​ឡើយ។

លោក​បន្តថា ដូចនេះ​ការ​ពង្រឹង​ការ​គ្រប់​គ្រង សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក គឺជា​ការ​ពង្រឹង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព (Level Playing Field) និង​អនុ​លោមភាព​សារពើ​ពន្ធ​សម្រាប់​វិស័យ​នេះ។

លោក ថ្លែង​ថា៖«កិច្ច​ប្រជុំ​ថ្ងៃនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​មាន​បំណង​ក្នុងការ​ផ្សព្វផ្សាយ និង​ពង្រឹង​កិច្ច​សហការ​ពី​បណ្ដា​សហគ្រាស​ជា​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ិនធឺណេ​ត (Internet Service Provider – ISP) ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិ​បាល ដោយ​ក្នុង​ករណី​សហគ្រាស​មិន​ចុះ​បញ្ជី​និង​បំពេញ​កាតព្វ​កិច្ច សារពើ​ពន្ធ វិធានការ​ចាំបាច់​នានា​ក្នុងការ​រាំង​ខ្ទប់​នូវ​ប្រតិបត្តិ​ការ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នានា»។

បើតាម​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្វាគមន៍​ចំពោះ​រាល់​ធាតុ​ចូល និង​កិច្ច​សហការ​នានា​លើ​ផ្នែក​បច្ចេក​ទេស ពាក់ព័ន្ធ​ជាមួយ​នឹង​បណ្តា​សហគ្រាស ក្រុម​ហ៊ុន​នានា ដើម្បី​ឱ្យ​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ចំពោះ​ប្រតិបត្តិការ ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​កាន់​តែ​ប្រសើរ សំដៅ​ធានា​បាន​នូវ​ការ​ប្រមូល​ចំណូល​ពន្ធដារ​កើន​ឡើង​ប្រកប​ដោយ​ចីរភាព៕