ITC សន្យាបន្តកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក និងជំរុញការនាំចេញ

ហ្សឺណែវ ប្រទេសស្វីស៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre–ICT)សន្យាបន្តកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក និងជំរុញការនាំចេញ

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Dorothy Tembo នាយកប្រតិបត្តិរង​នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre – ITC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោក ពេជ ឬទ្ធីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ ITC ដល់កម្ពុជា ដែលកាលពីឆ្នាំ២០១៦ កន្លងមក អង្គការ ITC បានចូលរួមអនុវត្តគម្រោងសម្រាប់លើកកម្ពស់ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនៅកម្ពុជា ដែលតាមរយៈគម្រោងនេះ អង្គការ ITC បានធ្វើការជាមួយសហគមន៍ផលិតសូត្រ និងក្រុមហ៊ុនលក់​ផលិត​ផលសូត្រមួយចំនួនចូលរួមក្នុងពិព័រណ៍អន្តរជាតិនានា ព្រមទាំងគាំទ្រដល់ការផ្គូផ្គងធុរកិច្ចផងដែរ។

លោកបានថ្លែងបន្តទៀតថា យោងតាមជំនាញរបស់អង្គការ ITC ទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជំរុញការនាំចេញ អង្គការ ITC អាចបន្តគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក វិស័យសេវា និងបណ្ដុះបណ្ដាលពីចំណេះដឹងទីផ្សារ និងតម្រូវការបច្ចេកទេស នៃ​ប្រទេសគោលដៅ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោកស្រីនាយកប្រតិបត្តិរង នៃអង្គការ ITC បានទទួលយកសំណើររបស់គណៈប្រតិភូកម្ពុជា ហើយបាន​សន្យាថានឹងធ្វើការស្អិតរមួតជាមួយកម្ពុជាបន្តទៀត ដើម្បីសិក្សា និងរៀបចំគម្រោងនានា តាមការស្នើសុំ​របស់គណៈប្រតិភូកម្ពុជា៕