NBC ប្រកាសប្តូរថ្មីក្រដាស​ប្រាក់​រៀល​ដែល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ

ភ្នំពេញៈ ​ធនាគារជាតិ​នៃ​កម្ពុជា(NBC)នឹង​ធ្វើ​ការ​ដក​ហូ​ត​ក្រដាស​ប្រាក់​រៀល​ដែល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ ​ប៉ុន្តែ​នៅ​តែ​រក្សា​ការ​ប្តូរថ្មី​នូវ​ក្រដាស់​ប្រាក់​រៀល​ចាស់​ ​ទក់​ រហែក​ដោយ​មិន​គិត​កម្រៃ​សេវា ​នៅ​គ្រប់​បញ្ជរ​បេឡា​របស់​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជ​ធានី​-​ខេត្ត​ (លើក​លែង​តែ​ស្នាក់​ការ​កណ្តាល​) នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​លើក​កម្ពស់​គុណ​តម្លៃ ប្រាក់​រៀល​បាន​ផ្សាយ​កាលពី​ថ្ងៃទី ១៣ កក្កដា បាន​ឱ្យ​ដឹងថា ក្នុង​ករណី​ដែល​ក្រដាស​ប្រាក់​រៀល​មាន​ការ​ខូច​ខាត​ឬ​បាត់​បង់​ទ្រង់​ទ្រាយ ​ដូច​មាន​ចែង​ក្នុង​មាត្រា ​៥១​ មាត្រា​ ៥២ ​និង​មាត្រា ​៥៣ ​នៃ​ច្បាប់​ស្តីពី​ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(១៩៩៦)​ ធនាគារ​ជាតិ​នៃ​កម្ពុជា ​សូម​រក្សា​សិទ្ធិ​ដក​ហូត​ដោយ​គ្មាន​សំណង​។

សេចក្តី​ប្រកាស​ព័ត៌មាន ​បន្តថា ​មាត្រា ​៥១ ​ចែង​ថា «ធនាគារ​កណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាស​ប្រាក់​និង​កាស ​បើ​សិន​ជា ​រូបភាព​វាលែង​មាន​ភាព​ច្បាស់​លាស់ ​បាត់បង់​រូបភាព​ដើម​ឬ​ធ្លុះ​ធ្លាយ​ឬ​ដែល​បាត់​បង់​ទំហំ ​៣០​ភាគរយ​ឬ​លើស​ពីនេះ​។ ​រូបិយវត្ថុ​ទាំង​នេះ​ត្រូវ​ដក​ចេញ​ពី​ចរាចរ​ហើយ​បំផ្លាញ​ចោល​ ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ​ លើក​លែង​តែ​ករណី​ពិសេស​ដែល​ធនាគារ​កណ្តាល​អាច​យល់​ព្រម​ សង​មួយ​ចំណែក​ឬ​ទាំង​អស់​»។

មាត្រា​ ៥២​ ចែងថា​ «ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ដែល​យក​មក​បង់​ឬ​ប្តូរ​ត្រូវ​រឹបអូស​ដោយ​គ្មាន​សំណាង​ ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​»។

មាត្រា ​៥៣​ ចែង​ថា ​«ម្ចាស់​ប្រាក់​មិន​អាច​ទាមទារ​ពី​ធនាគារ​កណ្តាល​ឱ្យ​សង​ ចំពោះ​ក្រដាស​ ប្រាក់​ឬកាស​ណា​ដែល​ខ្លួន​ធ្វើ​ឱ្យ​បាត់​បង់​ឬធ្វើ​ឱ្យ​អន្តរាយ​ឡើយ​។ ​ធនាគារ​កណ្តាល​អាច​ដក​ហូត​យក​ ដោយ​គ្មាន​ថ្ងូរ​នូវ​ក្រដាស​ប្រាក់​ដែល​មាន​ការ​ខូច​ខាត​រូបភាព​ក្រៅ ​ពិសេស​ចំពោះ​ក្រដាស​ប្រាក់ណា ​ដែល​មាន​សរសេរ ​លាបពណ៌ ​បោះ​ពុម្ព​ បោះត្រា​ឬបិទ​វត្ថុ​ស្អិត​ពី​លើ​ឬ​ឆ្លុះ​ធ្លាយ​ឬបាត់​រូប​ភាព​ដោយ ​ប្រការ​ណា​ក៏ដោយ​»។

សេចក្តី​ប្រកាស​ព័ត៌​មាន បាន​ឱ្យ​ដឹងទៀតថា ប្រាក់​​រៀល​​តំណាង​​​ឱ្យ​​អត្ត​សញ្ញាណ​ជាតិ ​អធិប​តេយ្យ​ភាព​ជាតិ​ ឯករាជ្យ​ភាព​សេដ្ឋ​កិច្ច​ និង​ ពង្រឹង​សាមគ្គី​ភាព​សង្គម​។ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​សង្ឃឹ​មថា​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ពិ​សេស​ប្រជាជន​កម្ពុជា​ នឹង​បន្ត​ស្មារតី​សហការ​លើក​កម្ពស់​ប្រាក់​រៀល​ជាតិ ​និង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​ប្រឆាំង​នឹង​ទង្វើ​ទាំង​ឡាយ​ណា ​ដែល​ប៉ះ​ពាល់​ដល់​គុណ​តម្លៃ​ ប្រាក់​រៀល​៕

Leave a Reply

Your email address will not be published. Required fields are marked *